សិស្សសាលាAISដែលប្រើប្រាស់រថយន្តស្លាកលេខ នប បំពាក់ស៊ីរ៉ែនត្រូវបានសមត្ថកិច្ចកោះហៅមកអប់រំ
ភ្នំពេញ៖ យុវសិស្សឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលា AIS នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តស្លាកលេខ នប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន និងអ្នកពាក់ព័ន្ធ២រូបទៀត ត្រូវបានសមត្ថកិច្ចកោះហៅទៅអប់រំ ក្រោយមាន ការរិះគន់យ៉ាងចាស់ដៃ ពី អ្នក ប្រើ បណ្ដាញ សង្គម កាលពីពេល ថ្មីៗនេះ។
ជុំវិញបញ្ហានេះ នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចបានកោះ ហៅ អ្នកពាក់ព័ន្ធ ចូលបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោកចំនួន ៣រូប រួមមាន ឈ្មោះ តាន់ សម្បត្តិឧត្តម, ម្ចាស់ រថយន្តត្រូវជាបងប្រុស សិស្ស ដែលបើកឡានទៅរៀន ឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរ បាលនៅបណ្ឌិតសភានគរបាលជាតិ និងម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរ បាល នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្រោយសួរនាំ យុវសិស្ស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុស និងបានសារភាពថា រូបគាត់ពិតជាបានយករថយន្តបងប្រុសរបស់គាត់ដែលពាក់ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន។
តាមការស្រាវជ្រាវ រថយន្តដែលពាក់ផ្លាកលេខ នប ២.៨៧៦៣ មិនមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡើយ។ រថន្ដយន្តនេះត្រូវបានម្ចាស់ដើមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ( បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានស្នើសុំធ្វើផ្លាកលេខ នប យកមកបំពាក់លើរថយន្តឯកជនរបស់ខ្លួនតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ នៅខែតុលា ឆ្នាំ២០ ២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះទៅឲ្យឈ្មោះ តាន់ វិទ្យាបុត្រ ។
ក្រោយសួរនាំ អ្នកពាក់ព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន និងធ្វើកិច្ចសន្យា ចំពោះកំហុសរបស់ខ្លួនដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «នប» បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់។
ម្យ៉ាងវិញទៀត ដោយរថយន្តនេះមិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍នឹងធ្វើការដោះស៊ីរ៉ែនចេញ ហើយដោយការយករថយន្តនេះទៅប្រើប្រាស់ខុសគោលការណ៍ សមត្ថ កិច្ចនឹងធ្វើការដកហូតស្លាកលេខ នប ទៅរក្សាទុក មិនអនុញ្ញាតឲ្យប្រើប្រាស់បន្តទៀតឡើយ ។
ចំណែកម្ចាស់ដើមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស ត្រូវ នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វើរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដើម្បីអនុវត្តបន្ត និង ដាក់វិន័យកងកម្លាំងចំពោះកំហុសនេះ ផងដែរ៕