មុខរបរមូរចម្បើងលក់ នៅក្នុងរដូវច្រូតកាត់អាចប្រាក់ចំណូលក្នុង១ថ្ងៃ ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល
ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលមុខរបរមូរចម្បើងលក់ អាចរកប្រាក់ចំណូលបានគួរសម បើប្រៀបធៀបនឹងមុខរបរផ្សេងៗ នៅក្នុងរដូវច្រូតកាត់ ដោយប្រើតែកូនត្រាក់ទ័រ និងម៉ាស៊ីនមូរចម្បើងមួយ។
លោក អ៊ុង វឿន ប្រជាកសិកររស់នៅក្នុងភូមិដុងអរញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រាប់ថា គាត់ជាកសិករធ្វើស្រែចំការ និងបានទិញម៉ាស៊ីនមូរចម្បើងធ្វើជាមុខរបរលក់បន្ថែម រហូតមកដល់ឥលូវនេះ មានរយៈពេល២ឆ្នាំហើយ។
លោកបញ្ជាក់ថា ក្នុងមួយថ្ងៃ ម៉ាស៊ីនរបស់លោក អាចមូរចម្បើងបានពី២០០ដុំ ទៅ៣០០ដុំ តាមស្រែខ្លះមានចម្បើងក្រាស់ ឬស្តើង ដែលក្នុងមួយហិកតា បាន៦០ដុំ ទៅ១០០ដុំ ក្នុងមួយដុំ កំពស់០.៥ម៉ែត្រ ប្រវែង០.៧ម៉ែត្រ គិតជាទំងន់១ដុំស្មើ ១២ទៅ១៣គីឡូក្រាម។ ចំណែកតម្លៃវិញ បើឈ្មួញទិញដល់ស្រែលើកដាក់ខ្លួនឯង ១ដុំតម្លៃ២០០០រៀល បើទៅយកដល់ផ្ទះ១ដុំ តម្លៃ៣០០០រៀល និងបើដឹកដល់កសិដ្ឋានចិញ្ចឹមសត្វវិញ ១ដុំ តម្លៃ៣៥០០រៀល សំរាប់អ្នកក្នុងខេត្ត។
លោកបញ្ជាក់បន្ថែមថា រដូវដែលរកបានប្រាក់ចំណូលច្រើនគួរសមនោះរយៈពេល៤ខែគឺរដូវច្រូតកាត់ ចាប់ពីខែវិច្ឆិការ រហូតដល់ខែកុម្ភៈ ដែលក្នុងមួយថ្ងៃកាត់ថ្លៃកម្លាំងពលកម្ម អំបោះនិងប្រេង សល់បាន២០០,០០០រៀល ទៅ៣០០,០០០រៀលផងដែរ។ ចម្បើងនេះ អាចយកទៅធ្វើជាប្រយោជន៍បានច្រើន ដោយអ្នកខ្លះទិញដើម្បីលក់បន្ត អ្នកខ្លះទិញយកទៅឲ្យសត្វចិញ្ចឹមស៊ី គោ ពពែ បណ្តុះផ្សិត និងគ្រប់រោងដាំដំណាំផ្សេងជាដើម។ បើតាមបទពិសោធន៍របស់លោករយៈពេល២ឆ្នាំនេះ ចម្បើងមូរនេះមានទីផ្សារល្អ ចម្បើងដែលមូរបានហើយ គឺមានអ្នកទិញអស់ៗតែម្តង ដោយសារចម្បើងមូរណែនល្អ ងាយស្រួលទុកដាក់ ចំណេញពេលវេលា និងចំណេញទីកន្លែងទុកដាក់ផងដែរ៕