ទីក្រុងប៉េកាំង និយាយថាការគាំទ្រ ឯករាជ្យភាព រនស់កោះតៃវ៉ាន់និងត្រូវបរាជ័យ
(អន្តរជាតិ)៖ ទីផ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា ប្រទេសចិនបានលើកឡើងនូវវោហារសាស្ត្ររបស់ខ្លួនអំពីកោះតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ដោយពណ៌នាអំពីការគាំទ្រចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់ថា នឹងត្រូវបរាជ័យ ហើយបានគំរាមសងសឹកប្រឆាំងនឹងដំណើរទស្សនកិច្ចការទូតរបស់សហរដ្ឋអាមេរិកទៅកាន់កោះនោះ ។
កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីប្រទេសចិន ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមស៊ីវិល ក្នុងឆ្នាំ១៩៤៩ ប៉ុន្តែទីក្រុងប៉េកាំងបានចាត់ទុកថា កោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលកំពុងរង់ចាំការបង្រួបបង្រួម ។
កោះនេះ គឺជាចំណុចលេចធ្លោមួយជាមួយទីក្រុងវ៉ាស៊ីនតោន ដែលសន្យាគាំទ្រផ្នែកយោធាដល់រដ្ឋាភិបាលជាប់ឆ្នោតតៃវ៉ាន់ ហើយបានបញ្ជូនប្រេសិត ពីររូប ទៅកាន់ទីក្រុងតៃប៉ិ ក្នុងរយៈពេលជាច្រើនខែមកនេះ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រេសិតទាំងនេះ គឺជា “ការបង្កហេតុនយោបាយ” ហើយបានគំរាមសងសឹក ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា “ប្រទេសចិននឹងចាត់វិធានការសមស្រប រួមទាំងការតម្រង់ទិសដៅលើបុគ្គលដែលពាក់ព័ន្ធ” ។ លោកបានព្រមានថា សកម្មភាពរបស់អាមេរិកនឹងធ្វើឱ្យខូចខាតដល់កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងអាមេរិក និងចិន ។
លោក Wang បានបន្ថែមទៀតថា រាល់ការគាំទ្រចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់ គឺជា “ទីបញ្ចប់ដែលត្រូវតែស្លាប់នឹងត្រូវបរាជ័យ” ។ ទីក្រុងវ៉ាស៊ីនតោនបានប្តូរការទទួលស្គាល់ការទូតទៅទីក្រុងប៉េកាំង ក្នុងឆ្នាំ ១៩៧៩ ។
រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធរាល់ការទទួលស្គាល់កោះតៃវ៉ាន់ ហើយបានដាក់ចេញនូវគោលនយោបាយ រយៈពេលជាច្រើនទសវត្ស ទៅលើកោះមួយនេះ ។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកំណើនសេដ្ឋកិច្ចថាមពល និងបរិស្ថានលោក Keith Krach បានបញ្ចប់ដំណើរទៅកាន់កោះតៃវ៉ាន់ កាលពីចុងសប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខសុខាភិបាលអាមេរិកលោក Alex Azar កាលពីខែសីហា ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន កោះតៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងហោះឡើងពិនិត្យមើល នៅពេលដែលយោធាចិនបានធ្វើសមយុទ្ធនៅក្បែរច្រកសមុទ្រតៃវ៉ាន់ ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក Krach នៅកោះតៃវ៉ាន់ ។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានចោទប្រកាន់ប្រទេសចិន ពីបទបញ្ចេញឫកក្អេងក្អាងផ្នែកយោធា ៕ ដោយ៖ សារីទ្ធ(Micheal)