ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល
ខេត្តបន្ទាយមានជ័យ:ក្នុងអំឡុងគ្រោះទឹកជំនន់កន្លងទៅនេះ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ)មួយចំនួននៅក្នុងក្រុងប៉ោយប៉ែតរងផលប៉ះពាល់ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរនិងដឹកកសិផលដែលប្រមូលបានហើយនោះ រដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០២០ បាននាំយកគ្រឿងចក្រទៅឈូសឆាយ កៀកិនធ្វើផ្លូវជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
លោកអភិបាលក្រុងបានឲ្យដឹងថាដោយមានការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យមន្ត្រីថ្នាក់ក្រោម ពិសេសលោកផ្ទាល់ ក្រោយពីទឹកជំនន់បានស្រកប្រជាពលរដ្ឋដែលទៅលំនៅដ្ឋានរៀងៗខ្លួនវិញនោះ ត្រូវចុះពិនិត្យតាមផ្ទះពួកគាត់ដោយផ្ទាល់ ពីការរងផលប៉ះពាល់ផ្ទះសម្បែង ផ្លូវថ្នល់ជាដើមជាក់ស្ដែងនៅក្រុងប៉ោយប៉ែតបានធ្វើមួយជំហានរួចមកហើយដែរ ដោយធ្វើការសាងសង់ផ្ទះ និងផ្លូវថ្នល់ដែលរងការខូចខាត ហើយកន្លែងខ្លះបានដាំបន្លែ ឡើងវិញ និងទិញគ្រប់ពូជជូនពួកគាត់ហើយដែរ។
លោកអភិបាលក្រុងបញ្ជាក់ថា ផ្លូវដែលកំពុងធ្វើការឈូសឆាយ និងកៀកិនជូនប្រជាពលរដ្ឋនេះ មានចំនួន០៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រដោយ៖
- ខ្សែទី១ ភ្ជាប់ពីផ្លូវបេតុងក្នុងភូមិដុងអារញ្ញទៅភូមិថ្មីត្មាតពង សង្កាត់និមិត្តប្រវែងជាង៤០០០ម៉ែត្រ(ជាងបួនពាន់ម៉ែត្រ)។
- ខ្សែទី២ ភ្ជាប់ពីផ្លូវភូមិថ្មីត្មាតពង ទៅផ្លូវភូមិអន្លង់ស្វាយ ប្រវែងជាង៣០០០ម៉ែត្រ(ជាងបីពាន់ម៉ែត្រ)។
- ខ្សែទី៣ ភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវក្នុងភូមិថ្មសិន ប្រវែងជាង៣០០០ម៉ែត្រ(ជាងបីពាន់ម៉ែត្រ)។
ក្នុងនោះលោកបញ្ជាក់ថា ផ្លូវខាងលើនេះសុទ្ធតែជាតំបន់កសិកម្មដែលប្រជាពលរដ្ឋកំពុងច្រូតកាត់ ប្រមូលផល ដែលពួកគាត់ពិបាកក្នុងការធ្វើដំណើរនិងដឹកជញ្ជូន ដោយសារផ្លូវបានដាច់ក្នុងអំឡុងគ្រោះទឹកជំនន់កន្លងមក តែពេលនេះលោកអភិបាលក្រុងនិងក្រុមការងារបាននាំយកគ្រឿងចក្រចុះធ្វើការឈូសឆាយ កៀ កិន ជូនពួកគាត់ ដើម្បីងាយស្រួលក្នុងការប្រមូលផលយកទៅលក់នៅកន្លែងផ្សេងៗផងដែរ៕